រាជរដ្ឋាភិបាលកំណត់សេវាអត្តសញ្ញាណកម្ម ១២ប្រភេទមិនបង់ថ្លៃ និង ៣៧ប្រភេទត្រូវបង់ថ្លៃ

 សង្គម
 ០៤ មិថុនា ២០២៦
 54

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យថ្មីមួយចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងតម្លាភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។


តាមរយៈអនុក្រឹត្យនេះ មានសេវាអត្តសញ្ញាណកម្មចំនួន ១២ប្រភេទដែលមិនតម្រូវឱ្យបង់ថ្លៃ រួមមាន៖
ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត មរណភាព ឬអាពាហ៍ពិពាហ៍ដំបូង
ការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដំបូង
ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង
ការកែតម្រូវទិន្នន័យ ដែលកើតចេញពីកំហុសបច្ចេកទេសរបស់មន្ត្រីចុះបញ្ជី។
ការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណក្នុងវិស័យយុត្តិធម៌ និងសន្តិសុខតាមការស្នើសុំពីអាជ្ញាធរ។
ដោយឡែក សេវាចំនួន ៣៧ប្រភេទផ្សេងទៀតត្រូវតម្រូវឱ្យបង់កម្រៃសេវា ដែលក្នុងនោះរួមមាន៖
ការធ្វើសំបុត្រអត្រានុកូលដ្ឋានឡើងវិញ ករណីបាត់ឬខូច និងការផ្តល់សេចក្តីចម្លងផ្សេងៗ។
សេវាអត្តសញ្ញាណបណ្ណបែបឆាប់រហ័ស ការប្តូររូបថត ឬអាសយដ្ឋាន និងការធ្វើថ្មីករណីបាត់ឬខូច។
សេវាលិខិតឆ្លងដែន និងលិខិតធ្វើដំណើរសម្រាប់ពលករខ្មែរទៅក្រៅប្រទេស។
សេវាទាក់ទងនឹងសញ្ជាតិ ដូចជាការសុំចូលសញ្ជាតិខ្មែរ ឬការលះបង់សញ្ជាតិ។
សេវាឌីជីថល ដូចជាការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណ និងសេវាលើកម្មវិធី Khmer eID ជាដើម។
អនុក្រឹត្យនេះបានបញ្ជាក់ថា ទិន្នន័យដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ គឺជាប្រភពទិន្នន័យផ្លូវការតែមួយគត់សម្រាប់ប្រើប្រាស់ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីធានាបាននូវគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធសម្រាប់ថវិកាជាតិ។

អត្ថបទដោយ៖ cambodia-nation-media