សម្តេច ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ

 សង្គម
 ០២ មិថុនា ២០២៦
 44

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២ ខែមិថុនា អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វត្តមានរបស់សម្តេចតេជោ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកិច្ចការរបស់ជាតិរបស់សម្តេច ជាការផ្ដល់កិត្តិយស និងលើកទឹកចិត្ត ជាពិសេសលើវិស័យពន្ធដារ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រដ្ឋាភិបាល។

សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ៕

អត្ថបទដោយ៖ cambodia-nation-media