ឯកឧត្តម វ៉ាត់ចំរើន ក្រើនរំលឹកគ្រូបង្វឹកត្រូវធ្វើទំនើបកម្មជាប្រចាំ ដើម្បីអភិវឌ្ឍទៅមុខ
ដោយ៖ ហៀក ឆក (William)
ថ្លែងនាពិធីសិក្ខាសាលាបើកវគ្គ “ការរៀបចំទ្រឹស្តី ផែនការហាត់ហ្វឹកហ្វឺន” ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ នៅថ្ងៃទី០១ ខែមិថុនា នេះឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានមានប្រសាសន៍ក្រើនរំលឹកទៅដល់សិក្ខាកាមដែលជាគ្រូបង្វឹក គ្រូជំនួយឱ្យខិតខំប្រឹងប្រែងក្តាប់ឱកាសក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីវគ្គសិក្សានេះ ដើម្បីក្លាយជាអ្នកដឹកនាំល្អ និងមានសមត្ថភាព ទៅថ្ងៃអនាគត។
ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែមានគោលនយោបាយកំណែទម្រង់ ឱ្យស្របទៅនឹងបន្ទាត់ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តាមរយៈសិក្ខាសាលាខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចបញ្ជាក់ថាវត្តមានលោកគ្រូអ្នកគ្រូ ដែលបានចូលរួមវគ្គសិក្សាខ្លីនេះ នឹងជាផ្លូវកែតម្រូវដល់អត្តពលិកជាតិសម្រាប់ទោអនាគត។



មន្រ្តីជាន់ខ្ពស់រូបនេះ បានមានប្រសាសន៍ថា៖«លោកគ្រូ-អ្នកគ្រូ ដែលជាអ្នកប្រតិបត្តិ និងជាអ្នកដែលមានតួនាទីបង្ហាត់ ក្នុងការហាត់ហ្វឹកហ្វឺន និងជួយដល់អត្តពលិកនៅទីនេះ ធ្វើម៉េចជួយឱ្យមានការធ្វើទំនើបកម្មរៀងរាល់ពេលជាប្រចាំ»។ ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ការដែលអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យដើរទៅមុខបាន គឺមិនអាចនៅឈរនឹងមួយកន្លែងបានទេពោលត្រូវតែប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង សិក្សាពីគ្នាទៅវិញទៅមក។


«ការរៀនសូត្រជំនាញ គឺរៀនអស់មួយជីវិត»។ ប្រសាសន៍ឯកឧត្តមអគ្គលេខាធិការ NOCC និងបានបន្ថែមថា ជំនាញកីឡាមានច្រើនទាំងផ្នែកអប់រំកាយកីឡា និងកីឡាកម្រិតខ្ពស់ ដែលសកលលោកគេបានបោះជំហានទៅមុខ មិនថាតែវិស័យកីឡា ឬវិស័យផ្សេងទៀតទេ គឺមានការវិវត្តន៍ទៅមុខរហូត។

គួរឱ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំស្ដីវគ្គសិក្ខាសាលាស្ដីពី «ការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន» ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ ដែលពិធីនេះធ្វើឡើងមានរយៈពេល២ថ្ងៃគឺ ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៦៕
អត្ថបទដោយ៖ cambodia-nation-media