សេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ស្តីពីការចេញផ្សាយសេចក្តីប្រកាសទិញយកអាជីវកម្មដោយប្រឌិតក្លែងក្លាយរបស់ក្រុមហ៊ុន All In FutureTech Alliance Inc.

 សង្គម
 ០១ មិថុនា ២០២៦
 78




ចុះផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

អ្នកចេញសេចក្តីថ្លែងការណ៍ ៖ ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេត វើក (Cambodia Fiber Optic Communication Network Co., Ltd. – ហៅកាត់ថា "CFOCN")

១. សេចក្តីថ្លែងការណ៍ស្នូល

ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (តទៅនេះហៅកាត់ថា "ក្រុមហ៊ុនយើងខ្ញុំ") សូមជម្រាបជូនថា ក្រុមហ៊ុន All In FutureTech Alliance Inc. (ដែលចុះបញ្ជីនៅទីផ្សារភាគហ៊ុន Nasdaq សហរដ្ឋអាមេរិក កូដភាគហ៊ុន៖ AGAE/AIFA អតីតឈ្មោះ Allied Gaming & Entertainment Inc.) បានចេញផ្សាយសេចក្តីប្រកាសតាមរយៈ GlobeNewswire និងគណៈកម្មការមូលបត្រអាមេរិក (SEC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយអះអាងថាខ្លួនបានចុះកិច្ចព្រមព្រៀងទិញយកភាគហ៊ុនគ្រប់គ្រងចំនួន ៥៧.៦៧% នៃក្រុមហ៊ុន HyalRoute Communication Group Limited។ នៅក្នុងសេចក្តីប្រកាសខាងលើនេះ ក្រុមហ៊ុន All In FutureTech Alliance Inc. បានលើកឡើងពាក់ព័ន្ធនឹងទ្រព្យសកម្មប្រតិបត្តិការ កិច្ចព្រមព្រៀងអាជីវកម្ម និងអាជីវកម្មទាក់ទងនឹងបណ្តាញខ្សែកាប្លិ៍អុប  ទិកក្រោមបាតសមុទ្រ AAE-1 របស់ក្រុមហ៊ុនយើងខ្ញុំនៅកម្ពុជា ដែលបណ្តាលឱ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការធម្មតា និងកេរ្តិ៍ឈ្មោះទីផ្សាររបស់ក្រុមហ៊ុនយើងខ្ញុំ។

         ក្នុងនាមជានីតិបុគ្គលឯករាជ្យ ដែលបានចុះបញ្ជីស្របច្បាប់ និងប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការប្រកាសយ៉ាងម៉ឺងម៉ាត់ដូចតទៅ៖

ក្រុមហ៊ុនយើងខ្ញុំគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន HyalRoute Communication Group Limited ដោយក្រុមហ៊ុន HyalRoute Group ជាភាគទុនិកស្របច្បាប់តែមួយគត់របស់ក្រុមហ៊ុនយើងខ្ញុំ ហើយលោក Huang Xinglong គឺជាម្ចាស់គ្រប់គ្រងចុងក្រោយរបស់ក្រុមហ៊ុនយើងខ្ញុំ។

គិតត្រឹមថ្ងៃចេញសេចក្តីថ្លែងការណ៍នេះ អាជីវកម្មទាំងអស់របស់ក្រុមហ៊ុនយើងខ្ញុំកំពុងប្រតិបត្តិការជាធម្មតា ហើយក្រុមហ៊ុនយើងខ្ញុំមិនដែលទទួលបានការធ្វើ Due Diligence ឬការដេញថ្លៃទិញយកអាជីវកម្មពីរដ្ឋាភិបាល អ្នកវិនិយោគសក្តានុពល ឬស្ថាប័នពាណិជ្ជកម្មណាមួយឡើយ។

ក្រុមហ៊ុនយើងខ្ញុំមិនដែលមានទំនាក់ទំនង ការចរចា ឬចុះហត្ថលេខាលើឯកសារប្រតិបត្តិការណាមួយជាមួយក្រុមហ៊ុន AGAE/AIFA ក្រុមហ៊ុន Rainman Network Ltd. (ហៅកាត់ថា "ក្រុមហ៊ុន Rainman") ឬភាគីពាក់ព័ន្ធណាមួយរបស់ពួកគេឡើយ។

ក្រុមហ៊ុនយើងខ្ញុំមិនដែលផ្តល់សិទ្ធិឱ្យភាគីទីបីណាមួយតំណាងឱ្យក្រុមហ៊ុនយើងខ្ញុំក្នុងចាត់ចែង ផ្ទេរ ទ្រព្យសកម្ម ភាគហ៊ុន ឬផលប្រយោជន៍អាជីវកម្មណាមួយរបស់ក្រុមហ៊ុនយើងខ្ញុំឡើយ។

            ខ្លឹមសារទាំងអស់ដែលទាក់ទងនឹងក្រុមហ៊ុនយើងខ្ញុំនៅក្នុងសេចក្តីប្រកាសរបស់ AGAE/AIFA គឺសុទ្ធតែជាសេចក្តីថ្លែងការមិនពិត និងបំភាន់។ ក្រុមហ៊ុនយើងខ្ញុំមិនទទួលស្គាល់សេចក្តីថ្លែងការទាំងនោះជាដាច់ខាត ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីដែលពាក់ព័ន្ធ ដើម្បីទាមទារការទទួលខុសត្រូវតាមច្បាប់។

       ២. ការបំភ្លឺជាក់ស្តែងអំពីទំនាក់ទំនងបំណុលរវាងក្រុមហ៊ុនយើងខ្ញុំ និងក្រុមហ៊ុន Cambodian Singmeng Telemedia Co., Ltd. (ក្រុមហ៊ុន Singmeng)

(១) ទំនាក់ទំនងបំណុលរវាងក្រុមហ៊ុនយើងខ្ញុំ និងក្រុមហ៊ុន Cambodian Singmeng Telemedia Co., Ltd. (ក្រុមហ៊ុន Singmeng)

មូលដ្ឋានគ្រឹះស្នូលនៃការទិញយកអាជីវកម្មក្លែងក្លាយដោយ AGAE នេះគឺការដែលក្រុមហ៊ុន Rainman Network Ltd. អះអាងថាខ្លួនមាន "សិទ្ធិ" ក្រោមកិច្ចព្រមព្រៀងកាត់កងបំណុលទល់នឹងការផ្ទេរភាគហ៊ុន (Debt Offset and Share Transfer Agreement) ដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥។ រីឯ "បំណុល" ដែលកិច្ចព្រមព្រៀងនេះសំអាងលើនោះ គឺជាទំនាក់ទំនងបំណុលដែលប្រឌិតឡើងយ៉ាងក្លែងក្លាយដោយលោក Huang Shuying និងក្រុមហ៊ុន Singmeng ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ ដោយភ្ជាប់ទំនាក់ទំនងមកកាន់ក្រុមហ៊ុនយើងខ្ញុំ។

ដោយផ្អែកលើកំណត់ត្រាហិរញ្ញវត្ថុ កិច្ចសន្យាអាជីវកម្ម និងឯកសារពាក់ព័ន្ធពីស្ថាប័នតុលាការកម្ពុជា ក្រុមហ៊ុនយើងខ្ញុំសូមបំភ្លឺអំពីស្ថានភាពជាក់ស្តែងនៃទំនាក់ទំនងបំណុលនេះដូចតទៅ៖ក្រុមហ៊ុន Singmeng គឺជាកូនបំណុលរបស់ក្រុមហ៊ុនយើងខ្ញុំ មិនមែនជាម្ចាស់បំណុលទេ។

  • ក្រុមហ៊ុន Singmeng គឺជាកូនបំណុលរបស់ក្រុមហ៊ុនយើងខ្ញុំ មិនមែនជាម្ចាស់បំណុលទេ។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន Singmeng បានជំពាក់ប្រាក់ក្រុមហ៊ុនយើងខ្ញុំសរុបចំនួន ៧,២៧៧,៩៩០.០០ ដុល្លារអាមេរិក លើថ្លៃទិញខ្សែកាបអុបទិក ថ្លៃជួល ថ្លៃថែទាំ ថ្លៃសេវាបណ្តាញភ្ជាប់ (access network) ថ្លៃបន្ទប់ម៉ាស៊ីនE-Room និងថ្លៃភ្លើងជាដើម។
  • ក្រុមហ៊ុន Singmeng និងម្ចាស់គ្រប់គ្រងជាក់ស្តែងរបស់ខ្លួន គឺលោក Huang Shuying និងលោក Huang Hua បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាច្រើនក្នុងអំឡុងពេលប្រតិបត្តិការនៅកម្ពុជា រួមទាំងការជំពាក់ពន្ធដល់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាចំនួន ៨.១១ លានដុល្លារអាមេរិក ជំពាក់ថ្លៃជួលបង្គោលភ្លើង និងថ្លៃភ្លើងដល់អគ្គិសនីកម្ពុជា ព្រមទាំងជំពាក់ប្រាក់ឈ្នួលបុគ្គលិក និងថ្លៃសេវាដែលបានបង់ជាមុនដោយអតិថិជនមួយចំនួនធំ ដែលសកម្មភាពទាំងនេះបានបង្កើតជាបទល្មើសឆបោកពាណិជ្ជកម្ម (commercial fraud)។
  • ការពិតទាក់ទងនឹងការត្រួតពិនិត្យពីនិយ័តករទូរគមនាគមន៍កម្ពុជា និងដំណើរការតុលាការ៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ VoIP របស់ក្រុមហ៊ុន Singmeng ។ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១៖ TRC បានបញ្ជាឱ្យក្រុមហ៊ុន Singmeng សងបំណុលរបស់ខ្លួនដែលជំពាក់ក្រុមហ៊ុនយើងខ្ញុំ។ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១៖ TRC បានអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុនយើងខ្ញុំបញ្ឈប់ការផ្តល់សេវាបណ្តាញខ្សែកាបអុបទិកដល់ក្រុមហ៊ុន Singmeng ។ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងក្រុមអនុវត្តច្បាប់របស់ TRC បានចុះឆែកឆេង ក្រុមហ៊ុន Singmeng ដោយរឹបអូសខ្សែកាបអុបទិកដែលសាងសង់ដោយខុសច្បាប់ និងបិទទ្វារបន្ទប់ម៉ាស៊ីនE-Room។ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២៖ អគ្គិសនីកម្ពុជា (Electricité du Cambodge) បានប្រកាសលុបចោលកិច្ចសន្យាសហប្រតិបត្តិការជាមួយក្រុមហ៊ុន Singmeng ។ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២៖ TRC បានដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ ISP របស់ក្រុមហ៊ុន Singmeng ជាផ្លូវការ។

(២) ទំនាក់ទំនងបំណុលផ្ទាល់ខ្លួនរវាងលោក Huang Xinglong និងលោក Huang Shuying

តាមការដឹងរបស់ក្រុមហ៊ុនយើងខ្ញុំ លោកHuang Shuying នៅជំពាក់ប្រាក់លោក Huang Xinglong ជាលក្ខណៈបុគ្គលប្រមាណ ៣២,៧២០,០០០ ដុល្លារអាមេរិក ។ ទំនាក់ទំនងបំណុលនេះជាជម្លោះរវាងរូបវន្តបុគ្គល ហើយមិនមានទំនាក់ទំនងផ្លូវច្បាប់អ្វីទាំងអស់ជាមួយក្រុមហ៊ុនយើងខ្ញុំ ឬក្រុមហ៊ុន HyalRoute Group ឡើយ។ ក្រុមហ៊ុនយើងខ្ញុំមិនបានដឹងព័ត៌មានលម្អិតអំពីការវិវត្តនៃដំណើរការតុលាការនៃជម្លោះបុគ្គលនេះទេ ហើយក៏មិនទទួលខុសត្រូវតាមផ្លូវច្បាប់ណាមួយពាក់ព័ន្ធនឹងបញ្ហានេះដែរ។

រាល់ការអះអាងដែលប៉ុនប៉ងភ្ជាប់បំណុលផ្ទាល់ខ្លួនខាងលើនេះទៅនឹងភាគហ៊ុន ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយើងខ្ញុំ ឬក្រុមហ៊ុន HyalRoute Group គឺគ្មានមូលដ្ឋានការពិត និងគ្មានមូលដ្ឋានច្បាប់ទាំងស្រុង។

៣. ការកំណត់លក្ខណៈផ្លូវច្បាប់ចំពោះការក្លែងបន្លំឯកសារ និងការទាមទារមិនពិតរបស់ក្រុមហ៊ុន Rainman

នៅឆ្នាំ ២០២៥ ក្រុមហ៊ុនយើងខ្ញុំបានដឹងថា ក្រុមហ៊ុន Rainman Network Ltd (ដែលមានលោក Huang Shuying ជាម្ចាស់គ្រប់គ្រងជាក់ស្តែង) បានអនុវត្តសកម្មភាពដណ្តើមការគ្រប់គ្រងដោយខុសច្បាប់ និងឆក់យកទ្រព្យសម្បត្តិជាបន្តបន្ទាប់នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា សំដៅលើក្រុមហ៊ុន MFOCN (ក្រុមហ៊ុន Myanmar Fiber Optic Communication Network Co., Ltd.) ដែលជាសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HyalRoute Communication Group Limited។ តាមរយៈការត្រួតពិនិត្យ ក្រុមហ៊ុន Rainman Network Ltd និងលោក Huang Shuying ព្រមទាំងបុគ្គលពាក់ព័ន្ធ បានក្លែងបន្លំកិច្ចសន្យា   សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឯកសារផ្ទេរភាគហ៊ុន និងឯកសារនានា ដោយមានបំណងដណ្តើមយកសិទ្ធិគ្រប់គ្រង និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន MFOCN ដោយខុស    ច្បាប់។ ឯកសារក្លែងបន្លំដែលក្រុមហ៊ុនយើងខ្ញុំបានរកឃើញរួមមានដូចជា៖

  • កិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនក្លែងក្លាយ (ទាក់ទងនឹងភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុន MFOCN)។
  • សេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងកំណត់ហេតុប្រជុំម្ចាស់ភាគហ៊ុនក្លែង      ក្លាយ។
  • លិខិតប្រគល់សិទ្ធិ  និងឯកសារត្រា ហត្ថលេខាក្លែងក្លាយ។
  • ឯកសារច្បាប់ក្លែងក្លាយផ្សេងទៀត ដែលមានគោលបំណងឆបោករដ្ឋាភិ    បាល  និងស្ថាប័នតុលាការមីយ៉ាន់ម៉ា។

សកម្មភាពខាងលើនេះ សុទ្ធតែប្រព្រឹត្តអំពើដែលអាចនឹងត្រូវចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមមាន ការក្លែងបន្លំឯកសារផ្លូវច្បាប់ ការឆបោកពាណិជ្ជកម្ម និងបទល្មើសឧក្រិដ្ឋកម្មជាក្រុមបក្សពួកជាដើម។ ក្រុមហ៊ុនយើងខ្ញុំបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ទាក់ទងនឹងករណីឯកសារក្លែងបន្លំ និងសកម្មភាពខុសច្បាប់ទាំងនេះ។ បច្ចុប្បន្ន ព្រះរាជអាជ្ញាបានទទួលពាក្យបណ្តឹង និងបើកសំណុំរឿងបន្តស៊ើបសួរតាមនីតិវិធីច្បាប់រួចហើយ។ ក្រុមហ៊ុនយើងខ្ញុំនឹងផ្តល់កិច្ចសហការពេញលេញដល់អាជ្ញាធរតុលាការ ដើម្បីនាំខ្លួនលោក Huang Shuying លោក Huang Hua ក្រុមហ៊ុន Rainman Network Ltd និងបក្សពួកពាក់ព័ន្ធផ្សេងទៀត ទទួលខុសត្រូវពីបទព្រហ្ម  ទណ្ឌ។

សិទ្ធិមិនពិតគ្មានប្រសិទ្ធិភាពបង្កើតកាតព្វកិច្ចតាមផ្លូវច្បាប់ទេ៖ កិច្ចព្រមព្រៀងកាត់កងបំណុលនិងការផ្ទេរភាគហ៊ុនដែលក្រុមហ៊ុន Rainman អះអាងថាមានសិទ្ធិក្រោមកិច្ចព្រមព្រៀងនេះ គឺបានក្លែងបន្លំឡើងដោយផ្អែកលើទំនាក់ទំនងបំណុលដែលបង្កើតឡើងយ៉ាងក្លែងក្លាយ ដូច្នេះកិច្ចព្រមព្រៀងនេះគ្មានប្រសិទ្ធិភាពកាតព្វកិច្ចតាមផ្លូវច្បាប់អ្វីទាំងអស់។ រាល់សកម្មភាពរបស់ភាគីទីបីណាមួយ (រួមទាំង AGAE/AIFA) ដែលបានទិញយក "សិទ្ធិ" ដែលគេអះអាងនេះពីក្រុមហ៊ុន Rainman ក៏មិនអាចបង្កើតកាតព្វកិច្ចតាមច្បាប់មកលើក្រុមហ៊ុនយើងខ្ញុំ ឬក្រុមហ៊ុន HyalRoute Group បាន     ឡើយ។

AGAE/AIFA មិនបានបំពេញកាតព្វកិច្ច Due Diligence ឲ្យបានត្រឹមត្រូវទេ ហើយត្រូវទទួលខុសត្រូវតាមច្បាប់ដែលត្រូវទទួលខុសត្រូវ៖ យោងតាមឯកសារ Form 8-K ដែល AGAE/AIFA បានដាក់ជូនគណៈកម្មការមូលបត្រ អាមេរិក (SEC) ទ្រព្យសម្បត្តិគោលដៅនៃប្រតិបត្តិការនេះ មិនមែនជាភាគហ៊ុនផ្ទាល់របស់ក្រុមហ៊ុន HyalRoute Group ទេ ប៉ុន្តែជា "សិទ្ធិ" ដែលក្រុមហ៊ុន Rainman អះអាងថាមាន។ ក្នុងនាមជាក្រុមហ៊ុនសាធារណៈដែលចុះបញ្ជីនៅទីផ្សារភាគហ៊ុន Nasdaq ក្រុមហ៊ុន AGAE/AIFA គួរតែបំពេញកាតព្វកិច្ច Due Diligence ឲ្យបានពេញលេញ និងម៉ត់ចត់ មុនពេលធ្វើប្រតិបត្តិការដ៏ធំមួយដែលពាក់ព័ន្ធនឹងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ សុពលភាព និងការអាចអនុវត្តបានតាមផ្លូវច្បាប់នៃទ្រព្យសម្បត្តិគោលដៅនោះ។ រីឯទំនាក់ទំនងបំណុលជាមូលដ្ឋានដែលក្រុមហ៊ុន Rainman ប្រើប្រាស់ដើម្បីអះអាង "សិទ្ធិ" នេះ គឺកំពុងមានវិវាទធ្ងន់ធ្ងរ ហើយការពិតទាក់ទងនឹងឯកសារក្លែងបន្លំ និងបំណុលប្រឌិតកំពុងស្ថិតក្នុងដំណើរការតុលាការនៅក្នុងដែនសមត្ថកិច្ចជាច្រើន ដែលជាព័ត៌មានដែលអាចពិនិត្យឃើញជាសាធារណៈ។ ក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុន AGAE/AIFA នៅតែបន្តចេញផ្សាយសេចក្តីប្រកាសដែលមានខ្លឹមសារមិនពិត និងបំភាន់យ៉ាងធ្ងន់ធ្ងរ ដែលសកម្មភាពនេះបានបង្កើតការរំលោភសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនយើងខ្ញុំ និងក្រុមហ៊ុន HyalRoute Group ។

៤. ជំហរផ្លូវច្បាប់ និងវិធានការបន្តរបស់ក្រុមហ៊ុនយើងខ្ញុំ

ក្រុមហ៊ុនយើងខ្ញុំសូមថ្លែងការណ៍ដោយម៉ឺងម៉ាត់ថា អ្វីដែលហៅថា កិច្ចព្រមព្រៀងទូទាត់កាត់កងបំណុល និងការផ្ទេរភាគហ៊ុន 《Agreement of Debts Offset and Share Transfer》 និងសាច់រឿងប្រតិបត្តិការដែលវាអះអាងនោះ គឺសុទ្ធតែការប្រឌិត និងក្លែងបន្លំទាំងស្រុង។  ឯកសារពាក់ព័ន្ធទាំងនោះ ជាដំបូងបានប្រឌិតឡើងនូវទំនាក់ទំនងបំណុលដើមដែលមិនមានពិតប្រាកដ ដោយបានបង្កើតរឿងរ៉ាវមិនពិតថា ក្រុមហ៊ុនយើងខ្ញុំ និងលោក Huang Xinglong មានជំពាក់បំណុលជាទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ ហើយយករឿងនេះធ្វើជាមូលដ្ឋាន ដើម្បីតាក់តែងជាលំដាប់លំដោយនូវអ្វីដែលហៅថា ការចូលរួមជាបំណុលបន្ថែម (debt addition) ការផ្ទេរសិទ្ធិទាមទារបំណុល ការបញ្ជាក់ពីការខកខានសន្យា ការដាក់បញ្ចាំ និងការផ្ទេរការគ្រប់គ្រង។ តាមការពិត ក្រុមហ៊ុនយើងខ្ញុំ និងលោក Huang Xinglong មិនដែលជំពាក់ប្រាក់អ្វីទាំងអស់ចំពោះក្រុមហ៊ុន Singmeng ក្រុមហ៊ុន Rainman ឬភាគីពាក់ព័ន្ធណាមួយឡើយ ហើយក៏មិនដែលចូលរួម ចុះហត្ថលេខា ផ្តល់សិទ្ធិ ឬអនុញ្ញាតប្រតិបត្តិការណាមួយខាងលើនេះដែរ។

ក្រុមហ៊ុនយើងខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់សិទ្ធិដែលបានអះអាងដោយផ្អែកលើបំណុលប្រឌិត ឬឯកសារក្លែងបន្លំ។ រាល់សកម្មភាពដែលប៉ុនប៉ងទិញយកសិទ្ធិគ្មានសុពលភាពទាំងនេះ ដើម្បីដណ្តើមយកទ្រព្យសម្បត្តិ ភាគហ៊ុន ឬការគ្រប់គ្រងរបស់ក្រុមហ៊ុនយើងខ្ញុំ ឬក្រុមហ៊ុន HyalRoute Group គឺជាសកម្មភាពខុសច្បាប់ និងគ្មានប្រសិទ្ធភាព។

ក្រុមហ៊ុនយើងខ្ញុំនឹងបន្តផ្តល់កិច្ចសហការពេញលេញដល់ស្ថាប័នតុលាការកម្ពុជា ក្នុងការស៊ើបសួរ និងជំនុំជម្រះសំណុំរឿង ដោយផ្តល់ភស្តុតាងពាក់ព័ន្ធទាំងអស់ ដើម្បីនាំខ្លួនលោក Huang Shuying ក្រុមហ៊ុន Rainman Network Ltd និងភាគីពាក់ព័ន្ធផ្សេងទៀត ទទួលខុសត្រូវពីបទព្រហ្មទណ្ឌ។

ក្រុមហ៊ុនយើងខ្ញុំរក្សាសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុន AGAE/AIFA ព្រមទាំងអភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដើម្បីទាមទារសំណងចំពោះការខូចខាតសេដ្ឋកិច្ច និងការខូចខាតកេរ្តិ៍ឈ្មោះទាំងអស់ ដែលបណ្តាលមកពីការចេញផ្សាយសេចក្តីប្រកាសក្លែងក្លាយរបស់ពួកគេ។

ក្រុមហ៊ុនយើងខ្ញុំបានផ្ទៀងផ្ទាត់ជាមួយក្រុមហ៊ុនHyalRoute Communication Group Limited និងម្ចាស់គ្រប់គ្រងចុងក្រោយគឺលោកHuang Xinglong រួចហើយថា ក្រុមហ៊ុន HyalRoute Group និងលោក Huang Xinglong មិនបានដឹងអ្វីទាំងស្រុងអំពីខ្លឹមសារនៃសេចក្តីប្រកាសដែលទាក់ទងនឹង AGAE/AIFA នោះទេ។ ក្រុមហ៊ុន HyalRoute Group កំពុងរៀបចំចេញសេចក្តីថ្លែងការណ៍បំភ្លឺតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ហើយក៏បានចាត់តាំងមេធាវីអាមេរិករួចហើយ ដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC) ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងស្ថាប័នពាក់ព័ន្ធ ដើម្បីនាំភាគីដែលពាក់ព័ន្ធទទួលខុសត្រូវពីបទព្រហ្មទណ្ឌ។ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនមេ HyalRoute Group និងគាំទ្រក្រុមហ៊ុនមេ HyalRoute Group ក្នុងការចាត់វិធានការច្បាប់ចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

៥. សាររំលឹកដល់អតិថិជន ដៃគូអាជីវកម្ម និងវិនិយោគិន

សូមជម្រាបជូនថា បច្ចុប្បន្នប្រតិបត្តិការអាជីវកម្មទាំងអស់របស់ក្រុមហ៊ុនយើងខ្ញុំដំណើរការជាធម្មតា ហើយការគ្របដណ្តប់បណ្តាញ គុណភាពសេវាកម្ម ក៏ដូចជាទំនាក់ទំនងជាមួយអតិថិជន មិនទទួលរងផលប៉ះពាល់អ្វីឡើយ។

រាល់ព័ត៌មានសំខាន់ៗដែលទាក់ទងនឹងក្រុមហ៊ុនយើងខ្ញុំ សូមយោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រុមហ៊ុនយើងខ្ញុំ និងព័ត៌មានដែលចេញផ្សាយជាសាធារណៈដោយ ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធប៉ុណ្ណោះ។

សូមអំពាវនាវដល់អតិថិជន ដៃគូអាជីវកម្ម និងវិនិយោគិនទាំងអស់របស់ក្រុមហ៊ុនយើងខ្ញុំ សូមកុំជឿព័ត៌មានមិនពិតដែលចេញផ្សាយដោយ AGAE/AIFA ដើម្បីជៀសវាងការខាតបង់ដែលមិនចាំបាច់។

៦. សេចក្តីសន្និដ្ឋាន

ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បណ្តាញខ្សែកាបអុបទិកនៅកម្ពុជា ក្រុមហ៊ុនយើងខ្ញុំតែងតែប្តេជ្ញាផ្តល់ជូនប្រជាពលរដ្ឋកម្ពុជានូវសេវាកម្មខ្សែកាប្លិ៍អុបទិកទូរគមនាគមន៍ប្រកបដោយគុណភាព និងស្ថិរភាព។ រាល់សកម្មភាពក្លែងបន្លំដែលផ្អែកលើបំណុលប្រឌិត និងឯកសារក្លែងក្លាយ មិនអាចរង្គោះរង្គើឋានៈប្រតិបត្តិការស្របច្បាប់របស់ក្រុមហ៊ុនយើងខ្ញុំ ហើយក៏មិនអាចផ្លាស់ប្តូររចនាសម្ព័ន្ធភាគហ៊ុន និងការគ្រប់គ្រងរបស់ក្រុមហ៊ុនយើងខ្ញុំបានឡើយ។

ក្រុមហ៊ុនយើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នតុលាការ រាល់ទង្វើខុសច្បាប់ និងបទល្មើសនានានឹងត្រូវទទួលទណ្ឌកម្មយ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់។ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងមុតមាំ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនយើងខ្ញុំសូមចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីជូនជ្រាបដល់សារណៈ  ជនទាំងអស់។

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦

ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក

អត្ថបទដោយ៖ cambodia-nation-media