លើសពីការពលិកម្ម៖ ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកព្រឹន្ទបាលឯក សួន រ៉ោន ជានិម្មិតរូបនៃការពលីដែលកូនខ្មែរត្រូវចងចាំ
នៅក្នុងកម្មវិធី «ដាស់ស្មារតី» (Day of Reckoning) នារាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍រំលេចនូវការចងចាំដែលកូនខ្មែរមិនអាចបំភ្លេចបាន នោះគឺការបាត់បង់វីរយុទ្ធជន សួន រ៉ោន ដែលត្រូវបានយោធាថៃឆ្មក់ចូលបាញ់ប្រហារ រំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។


នាឱកាសនោះ ក្នុងនាមជាប្រធានគណៈកម្មការរៀបចំកម្មវិធី ដែលប្រព្រឹត្តទៅនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធី «ដាស់ស្មារតី» នេះឡើង គឺដើម្បីជាការជួបជុំ និងការចងចាំទៅលើអតីតកាលដ៏ជូរចត់ដែលពោរពេញដោយមនោសញ្ចេតនា ឆ្លុះបញ្ចាំងនូវភាពអស្ចារ្យនៃប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល ព្រមទាំងរំលឹកនូវការចងចាំចំពោះសោកនាដកម្មអតីតកាលដ៏ឈឺចាប់។

«កម្មវិធីនៅក្នុងថ្ងៃនេះគឺមិនមានបំណងណាមួយក្នុងការបញ្ជូនសារទៅក្រៅប្រទេសនោះទេ តែផ្ទុយទៅវិញ គឺយើងមានគោលបំណងតែមួយគត់ គឺការជួបជុំក្នុងក្របខណ្ឌនៃប្រជាជនកម្ពុជា ដើម្បីយើងនឹកឃើញចងចាំ និងការគិតគូរត្រិះរិះទៅលើអ្វីដែលយើងបានឆ្លងកាត់ ហើយដូចសម្តេចធិបតីបានលើកឡើងជាបន្តបន្ទាប់ថា អ្វីដែលជាភាពឈឺចាប់របស់យើង យើងនឹងអាចប្រែក្លាយទៅជាកម្លាំងទៅថ្ងៃអនាគតសម្រាប់កម្ពុជារបស់យើង»។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តមប្រធាន ស.ស.យ.ក បានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដំបូងបំផុតពិតជានឹកឃើញដល់វីរជនក្លាហានរបស់កម្ពុជា គឺព្រឹន្ទបាលឯក សួន រ៉ោន។ ឯកឧត្តមបានលើកឡើងថា៖ «បង សួន រ៉ោន សម្រាប់កូនខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេស បានក្លាយទៅជានិម្មិតរូបមួយមិនមែនត្រឹមតែជាការពលិកម្មសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែបង សួន រ៉ោន បានក្លាយទៅជានិម្មិតរូបនៃការពលីនូវភាពអង់អាចក្លាហាន នៃវីរកងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា»។ ឯកឧត្តមបានគោរពចំពោះការលះបង់របស់វីរយុទ្ធជនរូបនេះ ដែលហ៊ានយកជីវិតធ្វើជាដើមទុនដើម្បីការពារដែនអធិបតេយ្យភាព ពីការប៉ុនប៉ងពីខាងក្រៅមកលើមាតុភូមិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា អ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបចង់បាន គឺការចងចាំនូវភាពឈឺចាប់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ ដើម្បីកុំឱ្យកើតមានឡើងជាថ្មី។ កម្ពុជាមិនចង់បាត់បង់វីរកងទ័ពណាម្នាក់ឡើយសម្រាប់ថ្ងៃអនាគត ហើយក៏មិនចង់ឮសំឡេងគ្រាប់ផ្ទុះ ឬឃើញមានជនភៀសសឹកបន្តទៀតនោះដែរ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលេចថា ការឈឺចាប់កន្លងមកត្រូវបានប្រែក្លាយទៅជាកម្លាំងដ៏មហិមា តាមរយៈការដែលប្រជាពលរដ្ឋខ្មែរទាំងមូលប្រកាន់ខ្ជាប់នូវការគាំទ្រ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការប្រែក្លាយពីការឈឺចាប់ មកជាកម្លាំងសាមគ្គីតាមរយៈការចេះជួយគ្នាទៅវិញទៅមកនេះ ពិតជាបានបង្ហាញនូវមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល៕
អត្ថបទដោយ៖ cambodia-nation-media