អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងកសិកម្មរៀបចំពិធីអប់រំបង្ការគ្រឿងញៀន និងការប្រកួតវោហាកោសល្យដល់និស្សិត

 សង្គម
 ២៦ ឧសភា ២០២៦
 40

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិកសិកម្មបានរៀបចំពិធីផ្សព្វផ្សាយ បង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងការប្រកួតវោហាកោសល្យ ដើម្បីបញ្ជ្រាបការយល់ដឹងដល់និស្សិត ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.គ.ប.ញ.) ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំមន្ត្រីជំនាញចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអប់រំនេះ ។


វគ្គផ្សព្វផ្សាយនេះគឺជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតសរុបចំនួន ៦០០នាក់ ។
គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ស្រទាប់យុវវ័យ ជាពិសេសនិស្សិតដែលជាទំពាំងស្នងឫស្សី តាមរយៈការអប់រំផ្ទាល់ និងការប្រកួតប្រជែងសមត្ថភាពវោហាកោសល្យ ដើម្បីជំរុញឱ្យពួកគេចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសង្គម ។

អត្ថបទដោយ៖ cambodia-nation-media