ជប៉ុនប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង ជូនដល់ក្រសួងមហាផ្ទៃដើម្បីពង្រឹងសមត្ថភាពការងារសង្គ្រោះ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ពិធីទទួលរថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន ៤គ្រឿង ដែលជាអំណោយរបស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងនៅទីធ្លាទីស្តីការក្រសួងមហាផ្ទៃ ។


ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តប្រគល់រថយន្តសង្គ្រោះបន្ទាន់ទាំង ៤គ្រឿង ជូនទៅតាមអង្គភាព និងស្នងការដ្ឋានគោលដៅ រួមមាន៖
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ទទួលបានចំនួន ២គ្រឿង ។




ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានចំនួន ១គ្រឿង ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលបានចំនួន ១គ្រឿង ។
ការផ្តល់ជូននូវមធ្យោបាយសង្គ្រោះនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការជួយពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងកិច្ចការងារសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ។
អត្ថបទដោយ៖ cambodia-nation-media