ក្រសួងបរិស្ថាន និង WWF-កម្ពុជា ជំរុញយុទ្ធសាស្ត្រចក្រា ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងសហគមន៍កសិកម្មនៅមណ្ឌលគិរី

 សង្គម
 ២៥ ឧសភា ២០២៦
 21

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះសួរសុខទុក្ខ និងពិនិត្យផលិតផលកសិកម្ម សាមគ្គីរីកចម្រើន របស់ប្រជាពលរដ្ឋនៅក្នុងឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីដើមសប្តាហ៍កន្លងទៅ។ មន្រ្តីអ្នកនាំពាក្យរូបនេះ បានវាយតម្លៃខ្ពស់ចំពោះអង្គការ WWF-កម្ពុជា ដែលយកចិត្តទុកដាក់ជួយជ្រោមជ្រែងសម្រាប់របរកសិកម្មពលរដ្ឋនៅក្នុងសហគមន៍រួមចំនែកថែរក្សាបរិស្ថាន។


 
ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា សង្កត់ធ្ងន់ថា ការចូលរួមលើកកម្ពស់សហគមន៍ គឺជារឿងដែលសមស្របទៅនឹងយុទ្ធសាស្រ្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា អ្វីដែលពិសេសគឺការចូលរួមប្រតិបត្តិភាពស្អាត និងភាពបៃតង ដែលស្របទៅនឹងយុទ្ធសាស្រ្តចក្រាបរិស្ថាន ដែលមានសសរស្តម្ភបី។ «ជាពិសេសនោះគឺយុទ្ធសាស្រ្តចក្រាបរិស្ថានដែលមានសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព»។ នេះជាប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា។


 
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបន្ថែមថា បច្ចុប្បន្នសហគមន៍បានប្រតិបត្តិស្របតាមមាគ៌ាសសរស្តម្ភបី ដែលកំពុងរីកដុះដាល។ «ភាពស្អាត និងភាពបៃតង កំពុងតែរីកដុះដាល ដោយសហគមន៍បានចូលរួមចំណែក ទី១ គឺប្រតិបត្តិស្អាត ដោយការកាត់បន្ថយការបំពុលតាមរយៈការដាំដុះដោយប្រើជីសរីរាង្គ (ជីកំប៉ុស) ដែលផ្សំពីបន្លែផ្លែឈើដែលគាត់បានដាំ ហើយរៀបចំជាថ្នាលបណ្តុះ កាត់បន្ថយនូវការបញ្ចេញសំណល់ពាសវាលពាសកាល។ ទី២ ការរៀបចំទុកដាក់សម្ភារៈកសិកម្មមានរបៀបរៀបរយ ដែលមិនឱ្យបំពុលទៅដល់ដី និងខ្យល់ផងដែរ»។
 


មន្រ្តីសកម្មការងារបរិស្ថានរូបនេះ ចាត់ទុកការធ្វើកសិកម្មប្រកបដោយចីរភាព គឺពិតជាបានចូលរួមចំណែកសំខាន់ខ្លាំងក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការប្រើប្រាស់គ្រឿងយន្ត ការបញ្ចេញផ្សែង និងការប្រើប្រាស់ឥន្ធនៈផ្សេងៗ។
«ដូច្នេះ! កសិកម្មដែលមានផ្ទៃដីតូច លក្ខណៈគ្រួសារបែបនេះ ពិតជាចូលរួមចំណែកយ៉ាងសំខាន់»។ ឯកឧត្តម ខ្វៃ អាទិត្យា ថ្លែងបែបនេះ។


 
ជាមួយគ្នានេះដែរ លោក ម៉ន សាមាន ប្រធានសហគមន៍សាមគ្គីរីកចម្រើន បានកត់សម្គាល់ថា តាមរយៈការធ្វើកសិកម្មនៅក្នុងសហគមន៍ បានជួយកាត់បន្ថយភាពលំបាករបស់ពលរដ្ឋក្នុងតំបន់បានច្រើន។ លោក សាមាន ដែលជាប្រធានសួនបន្លែកសិករគំរូ បានលើកឡើងថា៖ «ការដាំដុះបន្លែ យើងមើលឃើញថាពួកគាត់មានជីវភាពធូរធារជាងមុន។ ពីមុនពួកគាត់ពុំមានមុខរបរជាក់លាក់ ដល់ពេលមានអង្គការគាំទ្រ ទើបពួកគាត់ងាកមកដាំបន្លែវិញ ហើយប្រាក់ចំណូលក៏កើនឡើងជាងមុន ឯជីវភាពក៏បានធូរធារជាងមុនផងដែរ»។


 
ដោយឡែក លោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ តស៊ូមតិចំណេះដឹង និងព័ត៌មានអង្គការ WWF-កម្ពុជា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការចូលរួមប្រកបរបរកសិកម្មតាមរយៈគម្រោងអង្គការនៅក្នុងសហគមន៍ ពិតជាបានជួយសម្រាលបន្ទុកគ្រួសាររបស់ពលរដ្ឋបានច្រើន។
លោក សំបូរ បានគូសបញ្ជាក់ថា៖ «តាមរយៈអង្គការ WWF-កម្ពុជា យើងបានជួយកែប្រែនូវការដាំដុះរបស់ពួកគាត់ ដែលពីមុនពួកគាត់ធ្លាប់តែដាំដុះតាមបែបប្រពៃណី ហើយឥឡូវអង្គការយើងបានផ្តល់នូវបច្ចេកទេសថ្មី។ មួយវិញទៀត យើងបានស្វែងរកទីផ្សារជូនពួកគាត់ ដែលពីមុនពួកគាត់ប្រមូលផលហើយ បានត្រឹមតែយកទៅដាក់លក់ក្នុងភូមិ តែបច្ចុប្បន្នយើងអាចយកទៅលក់ទៅដល់ទីផ្សារដទៃទៀត ដែលផ្តល់កម្រៃបានខ្ពស់ជាងមុនដល់ពួកគាត់»។

សូមបញ្ជាក់ថា សហគមន៍សាមគ្គីកសិកម្មរីកចម្រើន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយបច្ចុប្បន្នមានសមាជិកចំនួន ១០៥នាក់ (ស្រី ៦៣នាក់)។ សហគមន៍មានដីដាំបន្លែធម្មជាតិ ដោយមិនប្រើជីគីមី និងឧបករណ៍ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ចំនួន ២៥ហិកតា។ គោលបំណងនៃការបង្កើតសហគមន៍នេះឡើង គឺដើម្បីផ្តល់ការងារច្បាស់លាស់ជូនពលរដ្ឋ កាត់បន្ថយការចំណាកស្រុក បង្ហាញគោលជំហរសហការ និងចេះជួយគ្នាទៅវិញទៅមក ព្រមទាំងរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃ ការបំផ្លាញធនធានធម្មជាតិ និងជីវៈចម្រុះ និងការកាត់បន្ថយការប្រើប្រាស់ជីគីមីលើសកម្រិតផងដែរ៕

  

អត្ថបទដោយ៖ cambodia-nation-media