មហាជនរិះគន់ម្ចាស់អាជីវកម្មមួយចំនួន ដែលប្រើល្បិចដូរ តែឈ្មោះដើម្បីបន្តចិញ្ចឹមម៉ាកយីហោ “ចោរឈ្លានពានសៀម”

 សង្គម
 ០៤ ឧសភា ២០២៦
 50
បច្ចុប្បន្ន មានការសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួននៅកម្ពុជា កំពុងប្រើប្រាស់យុទ្ធសាស្ត្រ "ដូរតែឈ្មោះ តែរក្សារូបរាងដដែល" ដើម្បីបន្លំភ្នែកអតិថិជនខ្មែរ ក្នុងគោលបំណងបន្តចិញ្ចឹមម៉ាកយីហោដែលមានប្រភពពីបរទេសដែលកំពុងរងការរិះគន់។ ជាឧទាហរណ៍ជាក់ស្តែងគឺការប្តូរឈ្មោះពី "The Pizza Company Cambodia" មកជា "The Pizza Cambodia" ដោយរក្សាទុកនូវអក្សរកាត់ "TPC" និងពណ៌សម្គាល់ដដែល រួមទាំងឯកសណ្ឋានបុគ្គលិក កញ្ចប់វេចខ្ចប់ និងការរៀបចំផ្សេងៗ។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺសូម្បីតែស្លាកសញ្ញាខ្លះ ក៏គ្រាន់តែយកក្រដាសឈ្មោះថ្មីទៅបិទពីលើឈ្មោះចាស់ ដែលបង្ហាញពីចេតនាខ្វះភាពស្មោះត្រង់ និងមិនគោរពដល់អារម្មណ៍អតិថិជន។ មហាជនបានបង្ហាញការសង្ស័យខ្លាំងចំពោះការអះអាងថាជា "ម្ចាស់កម្មសិទ្ធិខ្មែរ ១០០%" ដោយសារខ្វះភស្តុតាងច្បាស់លាស់ ឬឯកសារផ្លូវការមកបញ្ជាក់។ មូលហេតុដែលម្ចាស់អាជីវកម្មទាំងនេះ នៅតែបន្តរក្សាមូលដ្ឋានគ្រឹះនៃម៉ាកយីហោចាស់ គឺដោយសារចង់ចំណេញ និងចង់ទាញយកផលប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលមានស្រាប់។ ទង្វើនេះត្រូវបានចាត់ទុកថាជា "គំនិតអាជីវកម្មដែលអាក្រក់" ព្រោះវាជាការមើលងាយដល់បញ្ញារបស់អ្នកប្រើប្រាស់ខ្មែរ។ ក្នុងទីផ្សារដ៏រសើបនាពេលបច្ចុប្បន្ន ប្រជាជនខ្មែរនឹងមិនគាំទ្រអាជីវកម្មណាដែលខ្វះភាពច្បាស់លាស់ និងនៅតែមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយម៉ាកយីហោចោសៀម ដែលពួកគេមិនពេញចិត្តនោះឡើយ។

អត្ថបទដោយ៖ cambodia-nation-media