កាសែត The Wall Street Journal បានប្តូរចំណងជើង ផ្សព្វផ្សាយ អត្ថបទទស្សនៈ ឆ្លើយតបនឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

 សង្គម
 ២៦ មេសា ២០២៦
 32
នេះបើតាម អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ បើតាម ឯកឧត្តម ទេព អស្នារិទ្ធ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia”។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។ តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែតWSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

អត្ថបទដោយ៖ cambodia-nation-media