ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ពន្យល់ដល់ពលករខ្មែរដែលត្រឡប់ពីថៃថា កម្ពុជាមានលក្ខខណ្ឌការងារល្អជាង និងអត្ថប្រយោជន៍ច្រើនជាងថៃ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ដល់ប្រជាពលរដ្ឋ ជាពិសេសបង

ប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យចុះឈ្មោះធ្វើការងារនៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍សម្បូរបែបជាងនៅប្រទេសថៃ។
ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃប្រមាណ ១០០០នាក់ក្នុង «វេទិកាការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។

ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោងចក្រសហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការយកចិត្តទុកដាក់ដែលពលករមិនដែលទទួលបាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំងប្រាក់ខែគោល បូកទាំងប្រាក់ឧបត្ថម្ភនានាទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារនោះទេ ហើយបើថែមម៉ោងទៀត អាចឡើងដល់ជាង ៣០០ដុល្លារដែរ

ប្រាក់៣០០ដុល្លារជាងនេះ អាចមានបងប្អូនខ្លះថា នៅទាបជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបងប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយកលុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបងប្អូនចាស់ទៅ គឺមិនមានលុយសងត្រឡប់មកឱ្យបងប្អូនយើងវិញទេ ព្រោះយើងគ្មានប្រាក់សន្សំនៅទីនោះ…ជាពិសេស បងប្អូនស្រី្តដែលសម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media